3 ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ
4 ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះ រង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។
5 ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។
6 ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
7 ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។
8 រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។
9 យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក