6 ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
7 ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។
8 រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។
9 យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
10 ជាពិសេស ព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។
11 សូម្បីតែទេវតា*ដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតា នៅមុខព្រះជាម្ចាស់ដែរ។
12 រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសម្រាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្តរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។