២ ពេត្រុស 2:7-13 KHSV

7 ព្រះ‌អង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។

8 រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

9 យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក

10 ជា​ពិសេស ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អំណាច​របស់​ព្រះ‌ជា‌ម្ចាស់។ គ្រូ​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ‌ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញ‌ញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា ដែល​ប្រកប​ដោយ​សិរី‌រុងរឿង​ឡើយ។

11 សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា នៅ​មុខ​ព្រះ‌ជា‌ម្ចាស់​ដែរ។

12 រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។

13 អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង‌ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។