២ ពេត្រុស 2:9-15 KHSV

9 យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក

10 ជា​ពិសេស ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អំណាច​របស់​ព្រះ‌ជា‌ម្ចាស់។ គ្រូ​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ‌ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញ‌ញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា ដែល​ប្រកប​ដោយ​សិរី‌រុងរឿង​ឡើយ។

11 សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា នៅ​មុខ​ព្រះ‌ជា‌ម្ចាស់​ដែរ។

12 រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។

13 អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង‌ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។

14 គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។

15 ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។