នាងរស់ 1:1-5 KHOV

1 រីឯ​នៅ​ក្នុង​គ្រា ដែល​ពួក​ចៅ‌ហ្វាយ កំពុង​កាន់​កាប់​ត្រួត‌ត្រា នោះ​ក៏​កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ​មាន​បុរស​ម្នាក់ ជា​អ្នក​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​២​នាក់ ទៅ​ស្នាក់​នៅ​ឯ​ស្រុក​ម៉ូអាប់

2 មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ

3 ឯ​អេលី‌ម៉ាលេច ជា​ប្ដី​ន៉ាអូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង ហើយ​នឹង​កូន​ទាំង​២​នាក់

4 កូន​ទាំង​២​ក៏​យក​ប្រពន្ធ ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន និង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ

5 រួច​គេ​ស្លាប់​ទៅ​ទាំង​២​នាក់ នៅ​សល់​តែ​ន៉ាអូមី​ម្នាក់​ឯង ឥត​ទាំង​កូន​ទាំង​ប្ដី​ផង។