នាងរស់ 4 KHOV

ពិធី​មង្គល‌ការ​នាង​រស់ និង​បូអូស

1 រីឯ​បូអូស លោក​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ទី​ក្រុង លំដាប់​នោះ​សាច់‌ញាតិ​ជិត‌ដិត ដែល​បូអូស​បាន​និយាយ​នោះ គាត់​ក៏​មក​ដល់ បូអូស​ហៅ​ថា នែ បង​អើយ សូម​បែរ​មក​អង្គុយ​នៅ​ទី​នេះ​សិន ដូច្នេះ​គាត់​ក៏​បែរ​ចូល​មក​អង្គុយ

2 ឯ​បូអូស​លោក​ហៅ​យក​ពួក​ចាស់‌ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​១០​នាក់​មក​ជំរាប​ថា សូម​អង្គុយ​នៅ​ទី​នេះ​ចុះ គេ​ក៏​អង្គុយ​នៅ

3 រួច​លោក​និយាយ​ទៅ​សាច់‌ញាតិ​ជិត‌ដិត​នោះ​ថា ន៉ាអូមី ដែល​បាន​វិល​ត្រឡប់​មក ពី​ស្រុក​ម៉ូអាប់​វិញ គាត់​ចង់​លក់​ដី​១​ក្បាល​របស់​អេលី‌ម៉ាលេច ជា​បង​ប្អូន​យើង

4 ហើយ​ខ្ញុំ​បាន​គិត​ថា ត្រូវ​ជំរាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ សូម​ឲ្យ​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ ហើយ​នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង នោះ​គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​នឹង​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​ព្រម​លោះ​ដែរ

5 បូអូស​ជំរាប​ថា នៅ​ថ្ងៃ​ណា​ដែល​បង​ទិញ​ដី​នោះ​ពី​ន៉ាអូមី នោះ​ត្រូវ​ទិញ​ពី​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ប្រពន្ធ​របស់​បង​ប្អូន​យើង ដែល​ស្លាប់​នោះ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​អ្នក​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ

6 អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​នឹង​លោះ​សំរាប់​ខ្លួន​ខ្ញុំ​មិន​បាន​ទេ ក្រែង​ខ្ញុំ​បង្ខូច​មរដក​របស់​ខ្ញុំ​ទៅ ដូច្នេះ​ចូរ​អ្នក​យក​ច្បាប់​របស់​ខ្ញុំ និង​លោះ​ចុះ ដ្បិត​ខ្ញុំ​លោះ​មិន​បាន​ទេ។

7 រីឯ​នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ពី​ដើម​ចំណែក​ខាង​ឯ​ការ​លោះ ឬ​ប្តូរ ដើម្បី​នឹង​សំរេច​គ្រប់​ទាំង​ការ នោះ​ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ការ​យ៉ាង​នោះ​ទុក​ជា​ទី​បន្ទាល់ ឲ្យ​បាន​សំរេច​ការ​ក្នុង​ស្រុក​អ៊ីស្រា‌អែល

8 ដូច្នេះ​អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សំរាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ

9 នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់‌ទុំ និង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ

10 មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ ប្រយោជន៍​កុំ​ឲ្យ​ឈ្មោះ​គាត់ ត្រូវ​កាត់​ចេញ​ពី​ពួក​បង​ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់ នៅ​ថ្ងៃ​នេះ​ឯង

11 ដូច្នេះ​ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជា​ទី​បន្ទាល់​ពិត សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​២​នោះ​បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចំរើន​ឡើង ក្នុង​ស្រុក​អេប្រាតា ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង

12 សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង អំពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក ដោយ‌សារ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ បាន​បង្កើត​ឲ្យ​យូដា​ដែរ។

បូអូស និង​ពូជ​ពង្ស​របស់​លោក

13 ដូច្នេះ​បូអូស​បាន​យក​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១

14 នោះ​ពួក​ស្រីៗ គេ​និយាយ​នឹង​ន៉ាអូមី​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មិន​បាន​ទុក​អ្នក​ឲ្យ​ឥត​មាន​សាច់‌ញាតិ​ជិត‌ដិត​នៅ​ថ្ងៃ​នោះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​បាន​ល្បី​ទួទៅ​ក្នុង​ពួក​អ៊ីស្រា‌អែល

15 កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក

16 ន៉ាអូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា

17 ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ដាវីឌ។

18 នេះ​ហើយ​ជា​ពង្សាវតារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន

19 ហេស្រុន​បង្កើត​រ៉ាមៗ​បង្កើត​អ័មី‌ន៉ា‌ដាប់

20 អ័មី‌ន៉ា‌ដាប់​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន

21 សាល‌ម៉ូន​បង្កើត​បូអូសៗ​បង្កើត​អូបិឌ

22 អូបិឌ​បង្កើត​អ៊ីសាយៗ​បង្កើត​ដាវីឌ។:៚

ជំពូក

1 2 3 4