1 រីឯនៅក្នុងគ្រា ដែលពួកចៅហ្វាយ កំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះមានបុរសម្នាក់ ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់
2 មនុស្សនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះន៉ាអូមី ឯកូនទាំង២ មួយឈ្មោះម៉ាឡូន ហើយ១ឈ្មោះគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ
3 ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង២នាក់
4 កូនទាំង២ក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន និងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ
5 រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។
6 ន៉ាអូមី និងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ
7 ដូច្នេះគាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ