នាងរស់ 1:19-22 KHOV

19 រួច​ទាំង​២​នាក់​ក៏​នាំ​គ្នា ទៅ​ដល់​ក្រុង​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា នេះ​តើ​ជា​ន៉ាអូមី​មែន​ឬ​អី

20 គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់

21 ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ន៉ាអូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ

22 គឺ​យ៉ាង​នោះ​ហើយ ដែល​ន៉ាអូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មក​វិញ មាន​ទាំង​នាង​រស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន មក​ជា​មួយ​ផង គេ​មក​ដល់​ក្រុង​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចំរូត​ស្រូវ​ឱក។