8 គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ
9 សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា
10 តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ
11 នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី
12 ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស
13 នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ា បានលូកមកទាស់នឹងអញហើយ
14 នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ