នាងរស់ 2:14-20 KHOV

14 លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក‌ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ

15 កាល​នាង​បាន​ក្រោក​ឡើង​ទៅ​រើស​ទៀត នោះ​បូអូស​ប្រាប់​ដល់​ពួក​កំឡោះ​របស់​គាត់​ថា ចូរ​បើក​ឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ

16 ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ។

17 ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ រហូត​ដល់​ល្ងាច រួច​នាង​បែង​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ឱក​ប្រហែល​ជា​១​ថាំង

18 នាង​លើក​ទូល​នាំ​យក​ទៅ​ឯ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប ដែល​សល់​ពី​នាង​ចំអែត ជូន​ដល់​ម្តាយ​ក្មេក

19 គាត់​ក៏​សួរ​នាង​ថា នៅ​ថ្ងៃ​នេះ ឯង​បាន​រើស​សន្សំ​នៅ​ទី​ណា តើ​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង ដូច្នេះ​នាង​ក៏​រៀប‌រាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ បូអូស

20 នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន