នាងរស់ 3:8-14 KHOV

8 លុះ​ដល់​ពេល​កណ្តាល​អធ្រាត្រ នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន

9 លោក​សួរ​ថា​អ្នក​ណា​នេះ នាង​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន

10 លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សំដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំឡោះៗ ទោះ​ក្រ ឬ​មាន​ផង

11 ឥឡូវ​នេះ នាង​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សំរេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់

12 ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ​មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត

13 ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សំរេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សំរេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សំរេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។

14 នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ