2 ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជំរាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ
3 រួចលោកនិយាយទៅសាច់ញាតិជិតដិតនោះថា ន៉ាអូមី ដែលបានវិលត្រឡប់មក ពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដី១ក្បាលរបស់អេលីម៉ាលេច ជាបងប្អូនយើង
4 ហើយខ្ញុំបានគិតថា ត្រូវជំរាបឲ្យបងដឹងដែរ ដូច្នេះ សូមឲ្យបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ ហើយនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង នោះគ្មានអ្នកណាទៀតមានច្បាប់នឹងលោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ អ្នកនោះឆ្លើយឡើងថា ខ្ញុំព្រមលោះដែរ
5 បូអូសជំរាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ
6 អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសំរាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះចូរអ្នកយកច្បាប់របស់ខ្ញុំ និងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។
7 រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសំរេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសំរេចការក្នុងស្រុកអ៊ីស្រាអែល
8 ដូច្នេះអ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសំរាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ