5 បូអូសជំរាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ
6 អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសំរាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះចូរអ្នកយកច្បាប់របស់ខ្ញុំ និងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។
7 រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសំរេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសំរេចការក្នុងស្រុកអ៊ីស្រាអែល
8 ដូច្នេះអ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសំរាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ
9 នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ
10 មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង
11 ដូច្នេះពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចំរើនឡើង ក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង