1 នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្តីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។
2 ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់
3 ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ
4 អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត
5 នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី
6 ដូច្នេះ អញនឹងធ្វើឲ្យក្រុងសាម៉ារីបានដូចជាគំនរនៅទីវាល ជាកន្លែងសំរាប់ធ្វើចំការទំពាំងបាយជូរ អញនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង
7 នោះអស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទីទៅ ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតដោយភ្លើង អញនឹងបំផ្លាញអស់ទាំងរបស់គេបង់ ពីព្រោះគេបានសន្សំអស់ទាំងរូបនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីសំផឹង ហើយវានឹងត្រូវត្រឡប់ជារង្វាន់ឈ្នួលរបស់ស្រីសំផឹងវិញទៀត។
8 ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
9 ដ្បិតរបួសនៃក្រុងសាម៉ារីនឹងមើលមិនជាឡើយ ពីព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
10 កុំឲ្យថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំឲ្យយំឲ្យសោះ ចូរឲ្យឯងននៀលខ្លួននៅក្នុងធូលីដីត្រង់បេតលេ-អាប្រាចុះ
11 ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្តីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ
12 ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្តីល្អ ពីព្រោះសេចក្តីអាក្រក់បានចុះពីព្រះយេហូវ៉ា មកដល់ទ្វារក្រុងយេរូសាឡិមហើយ
13 ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះដោយសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលបានឃើញមាននៅក្នុងឯង
14 ដូច្នេះ ឯងនឹងលះលែងក្រុងម៉ូរ៉ាស៊ីត-កាថបង់ ឯផ្ទះអាក់ស៊ីបទាំងប៉ុន្មាននោះនឹងបាននៅជាសេចក្តីកំភូត ដល់ពួកស្តេចអ៊ីស្រាអែល
15 ឱអ្នកក្រុងម៉ារីសាអើយ នៅ១ដងទៀត អញនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម
16 ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញពីឯងទៅជាឈ្លើយអស់ហើយ។