មីកា 1:6-12 KHOV

6 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សំរាប់​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​នឹង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង

7 នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។

8 ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​នឹង​យំ​រងំ​ដូច​ជា​អូសទ្រីច

9 ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។

10 កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ

11 ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្តី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ

12 ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្តី​ល្អ ពី​ព្រោះ​សេចក្តី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ