1 ខ្ញុំក៏ថាដូច្នេះទៀត ឱពួកជាប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំចុះ តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្តីយុត្តិធម៌ទេឬ
2 អ្នករាល់គ្នាដែលស្អប់សេចក្តីល្អ ហើយស្រឡាញ់សេចក្តីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ
3 ក៏ស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជារៀបដាក់ក្នុងឆ្នាំង ហើយដូចជាសាច់ដែលដាក់ចុះក្នុងថ្លាង
4 នៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។
5 ឯពួកហោរាដែលនាំឲ្យជនជាតិវង្វេងចេញ ជាពួកអ្នកដែលទាយជាសេចក្តីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែបើអ្នកណាមិនដាក់អ្វីក្នុងមាត់គេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកនោះថា
6 ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញការជាក់ស្តែងទៀត ហើយនឹងមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងទាយឡើយ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ
7 ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូទាយនឹងទាល់គំនិត អើ គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ