1 តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ
2 ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់ ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម
3 ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្តី ពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ
4 គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ
5 នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាម ព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ