5 នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាម ព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ
7 ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ
8 ដូច្នេះ ឯឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ នេះនឹងមកឯឯងវិញ គឺអំណាចគ្រប់គ្រង ដូចដើមនឹងមកឯឯង ជារាជ្យរបស់កូនស្រីយេរូសាឡិម។
9 ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ តើគ្មានស្តេចនៅក្នុងឯងឬ តើអ្នកប្រឹក្សារបស់ឯងបានវិនាសបង់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រីដែលឈឺនឹងសំរាលកូនដូច្នេះ
10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ហើយខំរមាត់ចុះ ដូចជាស្រីដែលឈឺនឹងសំរាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងលោះឯង ចេញពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង
11 ឥឡូវនេះ មានសាសន៍ជាច្រើនមូលគ្នាមកទាស់នឹងឯង គេពោលថា ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ