7 ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ
8 ដូច្នេះ ឯឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ នេះនឹងមកឯឯងវិញ គឺអំណាចគ្រប់គ្រង ដូចដើមនឹងមកឯឯង ជារាជ្យរបស់កូនស្រីយេរូសាឡិម។
9 ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ តើគ្មានស្តេចនៅក្នុងឯងឬ តើអ្នកប្រឹក្សារបស់ឯងបានវិនាសបង់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រីដែលឈឺនឹងសំរាលកូនដូច្នេះ
10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ហើយខំរមាត់ចុះ ដូចជាស្រីដែលឈឺនឹងសំរាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងលោះឯង ចេញពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង
11 ឥឡូវនេះ មានសាសន៍ជាច្រើនមូលគ្នាមកទាស់នឹងឯង គេពោលថា ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ
12 ប៉ុន្តែគេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្តីប្រឹក្សារបស់ទ្រង់ដែរ ដ្បិតទ្រង់បានប្រមូលគេនៅទីលានដូចជាកណ្តាប់ស្រូវ
13 ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល