មីកា 4:9-14 KHOV

9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ តើ​អ្នក​ប្រឹក្សា​របស់​ឯង​បាន​វិនាស‌បង់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន​ដូច្នេះ

10 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង

11 ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ

12 ប៉ុន្តែ​គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្តី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ

13 ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​ឯង​បាន​ទៅ​ជា​ដែក ហើយ​ក្រចក​ឯង​ទៅ​ជា​លង្ហិន ឯង​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អញ​នឹង​ញែក​កំរៃ​របស់​គេ​ចេញ ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

14 តែ​ឥឡូវ​នេះ ឱ​កូន​ស្រី​នៃ​កង‌ទ័ព​អើយ ត្រូវ​ឲ្យ​ឯង​មូល​គ្នា​ជា​កង‌ទ័ព​ចុះ គេ​បាន​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​នឹង​វាយ​ចៅ‌ក្រម​នៃ​អ៊ីស្រា‌អែល ដោយ​ដំបង​ត្រង់​ថ្ពាល់។