6 គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្តាលសាសន៍ជាច្រើន ទុកដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្សទេ ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ
7 ហើយសំណល់នៃពួកយ៉ាកុបនឹងនៅកណ្តាលប្រទេសដទៃ គឺនៅក្នុងសាសន៍ផ្សេងៗជាច្រើន ដូចជាសិង្ហនៅកណ្តាលពួកសត្វព្រៃ គឺដូចជាសិង្ហស្ទាវ នៅកណ្តាលហ្វូងចៀមជាសត្វដែលកាលណាដើរកាត់កណ្តាលហ្វូង នោះក៏ជាន់ឈ្លី ហើយហែកហួរ ឥតមានអ្នកណាសំរាប់នឹងជួយឲ្យរួចឡើយ
8 យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
9 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងកាត់អស់ទាំងសេះរបស់ឯងពីពួកឯងចេញ ហើយនឹងបំផ្លាញរទេះចំបាំងទាំងប៉ុន្មានរបស់ឯងដែរ
10 អញនឹងកាត់អស់ទាំងទីក្រុងនៅស្រុកឯងចេញ ហើយនឹងរំលំគ្រប់ទាំងទីមាំមួនរបស់ឯងបង់
11 អញនឹងកំចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ នោះឯងនឹងគ្មានគ្រូនក្ខត្តឫក្សទៀតតទៅ
12 អញនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្តាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៅ