1 ចូរឲ្យអ្នករាល់គ្នាស្តាប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឥឡូវថា ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង
2 ម្នាលភ្នំទាំងឡាយ និងឯងរាល់គ្នា ជាឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្តីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្តីនឹងរាស្ត្រទ្រង់ គឺទ្រង់នឹងតវ៉ានឹងពួកអ៊ីស្រាអែល
3 ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ
4 ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង