មីកា 6:3-9 KHOV

3 ឱ​រាស្ត្រ​អញ​អើយ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ធុញ‌ទ្រាន់​ដោយ‌សារ​អ្វី ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​អញ​ចុះ

4 ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង

5 ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្តី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។

6 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​ដង្វាយ​ដុត ជា​កូន​គោ​អាយុ​១​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ទ្រង់​ឬ

7 តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ​អី តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ

8 ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាបប៉ុណ្ណោះ។

9 ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ​ព្រះ‌នាម​ទ្រង់ ចូរ​ស្តាប់​តាម​ដំបង និង​តាម​ព្រះ‌អង្គ ដែល​បាន​ដំរូវ​ឲ្យ​មក​ផង