1 រីឯក្រោយដែលម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា
2 ម៉ូសេ ជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល
3 អស់ទាំងទីកន្លែងណា ដែលឯងដាក់ជើងជាន់ នោះអញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយ
4 ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ
5 នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ
6 ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេ