5 នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ
6 ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេ
7 ឲ្យឯងគ្រាន់តែមានកំឡាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណា ដែលឯងទៅនោះ
8 កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង
9 តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
10 នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា
11 ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។