8 កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង
9 តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
10 នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា
11 ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។
12 យ៉ូស្វេក៏ប្រាប់ដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងថា
13 ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ
14 ឯប្រពន្ធកូនរបស់ឯងរាល់គ្នា និងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង