1 រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង
2 នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែផង
3 ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន និងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា
4 សូមឡើងមកជួយខ្ញុំផង យើងរាល់គ្នានឹងវាយគីបៀន ដ្បិតគេបានចងស្ពានមេត្រីនឹងយ៉ូស្វេ ហើយនឹងពួកកូនចៅអ៊ីស្រាអែលហើយ
5 ដូច្នេះស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។
6 នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជំរាបថា សូមកុំបង្អង់ដល់ពួកអ្នកបំរើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ
7 ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញ ទៅជាមួយផង