យ៉ូស្វេ 11:16-22 KHOV

16 ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រា‌អែល​ផង

17 ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សំឡាប់​ចោល​ទៅ

18 យ៉ូស្វេ​បាន​ច្បាំង​នឹង​ស្តេច​ទាំង​នោះ​ជា​យូរ

19 គ្មាន​ទី​ក្រុង​ណា​មួយ បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ លើក​តែ​សាសន៍​ហេវី ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង

20 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​រឹង‌ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

21 នៅ​គ្រា​នោះ​យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់ ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​អស់​រលីង

22 គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ