យ៉ូស្វេ 11:6-12 KHOV

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់ នៅ​មុខ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង

7 ដូច្នេះ​យ៉ូស្វេ និង​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ក៏​ទៅ​ទាស់​នឹង​គេ ត្រង់​ទឹក​មេរ៉ុម ឥត​គេ​ដឹង​ខ្លួន​សោះ ហើយ​ស្ទុះ​ចូល​ទៅ​លើ​គេ

8 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​បាន​វាយ​គេ ហើយ​ដេញ​តាម រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ និង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​នឹង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ

9 យ៉ូស្វេ​បាន​ប្រព្រឹត្ត​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​មក គឺ​បាន​កាប់​សរសៃ​ក​ជើង​សេះ ព្រម​ទាំង​ដុត​រទេះ​ចំបាំង​របស់​គេ​ផង។

10 គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម​ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ

11 ពួក​អ៊ីស្រា‌អែល​ក៏​កាប់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​គេ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយ​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ

12 ឯ​ទី​ក្រុង​របស់​ស្តេច​ទាំង​នោះ ព្រម​ទាំង​ស្តេច​គេ​ផង នោះ​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ ទាំង​បំផ្លាញ​គេ​អស់​រលីង ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក