1 រីឯយ៉ូស្វេ លោកចាស់ អាយុក៏ច្រើនណាស់ហើយ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងលោកថា ឯងចាស់ហើយ អាយុក៏ច្រើនណាស់ផង ហើយមានសល់នៅស្រុក ដែលត្រូវចាប់យកសន្ធឹកណាស់ទៀត
2 នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន និងស្រុករបស់សាសន៍កេស៊ូរីទាំងអស់
3 ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ
4 ព្រមទាំងស្រុករបស់សាសន៍កាណានទាំងមូល និងស្រុកមារ៉ា ដែលជារបស់ផងក្រុងស៊ីដូនរហូតដល់អាផែក និងដល់ព្រំស្រុករបស់សាសន៍អាម៉ូរី
5 ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត
6 អស់ទាំងស្រុករបស់ពួកផ្សេងៗដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់មីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកក្រុងស៊ីដូនទាំងអស់ អញនឹងដេញពួកសាសន៍ទាំងនោះចេញពីមុខពួកកូនចៅអ៊ីស្រាអែលទៅ ចូរឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែល ទុកជាមរដកចុះដូចជាអញបានបង្គាប់ហើយ
7 គឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអំបូរទាំង៩ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាមរដក។