យ៉ូស្វេ 14:1-7 KHOV

1 ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ

2 មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ និង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ

3 ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ និង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ

4 ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដូច្នេះ គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សំរាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សំរាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​គេ​ផង

5 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

6 គ្រា​នោះ ពួក​កូន​ចៅ​យូដា ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ

7 កាល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ