2 មរដកទាំងនោះគេបានចែកឲ្យពូជអំបូរ៩ និងពូជអំបូរ១ចំហៀងនោះ ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ
3 ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ និង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ
4 ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ និងអេប្រាអិម ដូច្នេះ គេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសំរាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសំរាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិគេផង
5 ពួកកូនចៅអ៊ីស្រាអែលក៏ចែកស្រុកគ្នា តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម៉ូសេ។
6 គ្រានោះ ពួកកូនចៅយូដា ក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅត្រង់កាដេស-បារនាហើយ
7 កាលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ
8 ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃខ្ញុំគ្រប់ជំពូក