12 ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
13 តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកំឡាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបំរើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។
14 ពួកកូនចៅយ៉ូសែបក៏សួរយ៉ូស្វេថា ហេតុអ្វីបានជាលោកឲ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ ទុកជាមរដកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ ដោយព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ តាំងពីដើមរៀងមក
15 រួចយ៉ូស្វេឆ្លើយតបថា បើឯងជាពួកធំមែន ហើយបើស្រុកភ្នំអេប្រាអិមនោះចង្អៀតពេកដល់ឯង នោះចូរឡើងទៅឯព្រៃរបស់សាសន៍ពេរិស៊ីត និងសាសន៍រេផែម កាប់ឆ្កាកន្លែងសំរាប់ឯងចុះ
16 តែពួកកូនចៅយ៉ូសែបប្រកែកថា ស្រុកភ្នំនេះមិនគ្រាន់ឲ្យយើងខ្ញុំនៅទេមែន ប៉ុន្តែពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែរ ទោះទាំងពួកដែលនៅក្រុងបេត-សៀន ព្រមទាំងតំបន់នៅជុំវិញ និងពួកដែលនៅវាលច្រកភ្នំយេសរាលផង
17 នោះយ៉ូស្វេក៏និយាយទៅពួកវង្សយ៉ូសែប គឺនឹងពួកអេប្រាអិម ហើយនឹងពួកម៉ាន៉ាសេថា ឯងជាពួកធំពិត ហើយក៏មានកំឡាំងសន្ធឹកណាស់ដែរ មិនត្រូវឲ្យឯងមានចំណែកតែ១ដូច្នេះទេ
18 ប៉ុន្តែស្រុកភ្នំនោះជារបស់ផងឯងហើយ ទោះបើសុទ្ធតែព្រៃក៏ដោយ គង់តែឯងនឹងកាប់ឆ្កាបាន ហើយឯងនឹងបានផលទាំងប៉ុន្មានពីព្រៃនោះផង ដ្បិតទោះបើពួកសាសន៍កាណានមានរទេះដែក និងកំឡាំងក៏ដោយ គង់តែឯងនឹងអាចបណ្តេញគេចេញបាន។