8 ស្រុកតាពួរនោះជារបស់ផងពួកម៉ាន៉ាសេ តែក្រុងតាពួរ ដែលនៅព្រំស្រុកម៉ាន៉ាសេ ជារបស់ផងពួកកូនចៅអេប្រាអិមវិញ
9 ព្រំនោះក៏ចុះទៅដល់ស្ទឹងខាណា រួចទៅតាមខាងត្បូងស្ទឹងនោះ ទីក្រុងទាំងនោះដែលនៅក្នុងព្រំរបស់ម៉ាន៉ាសេ ជារបស់ផងពួកអេប្រាអិម តែព្រំស្រុកម៉ាន៉ាសេ គឺនៅខាងជើងស្ទឹងនោះវិញ រួចក៏ចុះទៅផុតត្រឹមសមុទ្រ
10 ឯស្រុកខាងត្បូង ជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត
11 ហើយពួកម៉ាន៉ាសេក៏មានទីក្រុងនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងតំបន់ជុំវិញ ក្រុងយីបលាម និងតំបន់ជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងត្អាណាក និងតំបន់ជុំវិញ និងពួកអ្នកនៅក្រុងមេគីដោ និងតំបន់ជុំវិញ គឺអស់៣ស្រុក
12 ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
13 តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកំឡាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបំរើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។
14 ពួកកូនចៅយ៉ូសែបក៏សួរយ៉ូស្វេថា ហេតុអ្វីបានជាលោកឲ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ ទុកជាមរដកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ ដោយព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ តាំងពីដើមរៀងមក