13 ឲ្យខ្ញុំដឹងថា អ្នករាល់គ្នានឹងទុកជីវិតដល់ឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំ ព្រមទាំងវង្សាគាត់ដែរ ដោយជួយដោះយើងខ្ញុំឲ្យរួចពីស្លាប់
14 រួចអ្នកទាំង២នាក់នោះក៏ឆ្លើយទៅនាងថា បើនាងមិនបំបែកការពីរឿងយើងនេះ នោះយើងនឹងប្តូរជីវិតជំនួសនាង ហើយកាលណាព្រះយេហូវ៉ាទ្រង់ប្រទានស្រុកនេះដល់យើង នោះយើងនឹងប្រព្រឹត្តនឹងនាង ដោយសប្បុរសទៀងត្រង់។
15 នាងក៏សំរូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ
16 ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ
17 អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្ដីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ
18 គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសំរូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ និងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា
19 បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងនាង បើសិនជាមានអ្នកណាពាល់គេ នោះឈាមគេនឹងធ្លាក់មកលើយើងវិញ