1 ព្រះយេហូវ៉ាទ្រង់បង្គាប់យ៉ូស្វេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯង ដោយសារម៉ូសេចុះ
3 ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម
4 អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង
5 បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសំឡាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ
6 រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺដល់សំដេចសង្ឃ ដែលមាននៅគ្រានោះ បានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេ នឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។