25 ដ្បិតព្រះយេហូវ៉ាទ្រង់បានដំរូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង និងឯងរាល់គ្នា ដែលជាកូនចៅរូបេន និងកូនចៅកាឌ់ហើយ ដូច្នេះឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា
26 ហេតុនោះបានជាយើងរាល់គ្នាបាននិយាយគ្នាថា ចូរយើងស្អាងអាសនា១មិនមែនសំរាប់ថ្វាយដង្វាយ ឬយញ្ញបូជាទេ
27 គឺទុកគ្រាន់តែជាទីបន្ទាល់ ដល់យើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងកូនចៅយើងទាំងអស់គ្នាតទៅប៉ុណ្ណោះ ដើម្បីឲ្យយើងខ្ញុំបានគោរពប្រតិបត្តិ នៅចំពោះព្រះយេហូវ៉ា ដោយដង្វាយដុតយញ្ញបូជា និងដង្វាយមេត្រីរបស់យើងខ្ញុំ ប្រយោជន៍ដល់ពេលទៅមុខ កុំឲ្យកូនចៅរបស់អ្នករាល់គ្នានិយាយនឹងកូនចៅយើងខ្ញុំថា ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេនោះឡើយ
28 ដូច្នេះយើងខ្ញុំបានសំរេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនឹងពូជដំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនាផងព្រះយេហូវ៉ា ដែលពួកអយ្យកោយើងខ្ញុំបានស្អាងទុក មិនមែនសំរាប់ថ្វាយដង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ
29 សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនា សំរាប់ដង្វាយដុត ដង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។
30 កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់
31 រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះយើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ