29 សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនា សំរាប់ដង្វាយដុត ដង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនាផងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។
30 កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់
31 រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះយើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ
32 ដូច្នេះភីនេហាស ជាកូនអេលាសារ ដ៏ជាសង្ឃ និងពួកអ្នកទាំងប៉ុន្មាន ដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន និងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ
33 សេចក្ដីនោះបានពេញចិត្ត ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរដំកើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាឌ់នៅនោះតទៅទៀត
34 ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនឹងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។