3 ឯងរាល់គ្នាមិនបានចោលបងប្អូនឯង ជាយូរមកហើយ ដរាបដល់សព្វថ្ងៃនេះ គឺបានប្រព្រឹត្តតាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯងវិញ
4 ឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងគេ ដូច្នេះចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរអាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ
5 ប៉ុន្តែត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត និងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យ ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង
6 យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។
7 រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យ នៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀតកាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា
8 សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន និងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវ ដល់ពួកបងប្អូនឯងចុះ
9 ដូច្នេះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។