យ៉ូស្វេ 22:5-11 KHOV

5 ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ឲ្យ​អស់​ពី​ចិត្ត និង​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​នឹង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ​បំរើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

6 យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។

7 រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត​កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា

8 សូម​ឲ្យ​ឯង​រាល់​គ្នា​បាន​វិល​ទៅ​ឯ​លំនៅ​ឯង​ចុះ ដោយ​នាំ​យក​របស់​ទ្រព្យ​ជា​ច្រើន និង​ហ្វូង​សត្វ​យ៉ាង​សន្ធឹក ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សំលៀក‌បំពាក់​ជា​ច្រើន​ផង ចូរ​ចែក​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដល់​ពួក​បង​ប្អូន​ឯង​ចុះ

9 ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។

10 កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាស‌នា​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាស‌នា​មាន​ភាព​យ៉ាង​ធំ

11 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាស‌នា​១ នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រា‌អែល​យើង​នេះ​ហើយ