យ៉ូស្វេ 23:1-7 KHOV

1 លុះ​ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់ មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ

2 នោះ​លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ និង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង

3 ឯ​ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ហើយ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​ច្បាំង​ជំនួស​ឯង

4 មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ និង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច

5 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​បណ្តេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ

6 ដូច្នេះ​ចូរ​សំរេច​ចិត្ត និង​កាន់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ ដើម្បី​កុំ​ឲ្យ​ឯង​បែរ​ចេញ ពី​សេចក្ដី​ទាំង​នោះ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

7 ប្រយោជន៍​កុំ​ឲ្យ​លាយ‌ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​គេ​ឡើយ