3 ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង
4 មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ និងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច
5 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានសន្យាហើយ
6 ដូច្នេះចូរសំរេចចិត្ត និងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញ ពីសេចក្ដីទាំងនោះ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ
7 ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ
8 គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ
9 ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ