យ៉ូស្វេ 24:13-19 KHOV

13 អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។

14 ដូច្នេះ ឥឡូវ​នេះ​ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​អយ្យកោ​ឯង បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ

15 តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។

16 ពួក​បណ្តា‌ជន​ក៏​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​គំនិត ដែល​នឹង​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ

17 ដ្បិត​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង

18 ព្រះ‌យេហូវ៉ា ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

19 យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ