យ៉ូស្វេ 24:19-25 KHOV

19 យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ

20 បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង

21 តែ​ពួក​ជន​គេ​ឆ្លើយ​ថា ទេ យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ

22 រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន

23 លោក​តប​ថា ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ

24 នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

25 ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម