យ៉ូស្វេ 24:27-33 KHOV

27 ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ​ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ

28 នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តា‌ជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។

29 ក្រោយ​ការ​ទាំង​នោះ​មក យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​១១០​ឆ្នាំ

30 គេ​ក៏​បញ្ចុះ​សព​លោក នៅ​ចុង​ព្រំ​ដី ជា​មរដក​របស់​លោក ត្រង់​ធីម៉្នាត-សេរ៉ា ដែល​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ខាង​ជើង​ភ្នំ​កាអាស​ទៅ

31 ឯ​សាសន៍​អ៊ីស្រា‌អែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​របស់​យ៉ូស្វេ និង​ជីវិត​របស់​ពួក​ចាស់‌ទុំ ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​សំរាប់​ពួក​អ៊ីស្រា‌អែល។

32 ឯ​ឆ្អឹង​សព​របស់​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​ក៏​កប់​នៅ​ត្រង់​ស៊ីគែម ក្នុង​ដី​ដែល​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង ហើយ​ដី​នោះ​ក៏​នៅ​ជា​មរដក​របស់​ពួក​កូន​ចៅ​យ៉ូសែប

33 ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚