យ៉ូស្វេ 24:3-9 KHOV

3 តែ​អញ​បាន​យក​អ័ប្រា‌ហាំ ជា​ពួក​អយ្យកោ​ឯង ពី​ខាង​នាយ​ទន្លេ​មក នាំ​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន អញ​ក៏​ចំរើន​ពូជ​ឲ្យ ព្រម​ទាំង​ឲ្យ​បង្កើត​អ៊ីសាក​ផង

4 រួច​អញ​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ ឯ​អេសាវ​នោះ អញ​បាន​ឲ្យ​ចាប់​យក​ស្រុក​ភ្នំ​សៀរ តែ​យ៉ាកុប និង​កូន​ចៅ នោះ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ

5 អញ​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ រួច​ឲ្យ​ស្រុក​នោះ​កើត​មាន​សេចក្ដី​វេទនា គឺ​ជា​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​នោះ​ហើយ ក្រោយ​នោះ​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​មក

6 អញ​បាន​នាំ​ពួក​ឪពុក​ឯង ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចំបាំង និង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម

7 កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ

8 រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង

9 គ្រា​នោះ​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង