យ៉ូស្វេ 24:7-13 KHOV

7 កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ

8 រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង

9 គ្រា​នោះ​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង

10 តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ​គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ

11 រួច​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ នោះ​ពួក​មនុស្ស​នៅ​ក្នុង​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​ឯង មាន​ទាំង​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ច្បាំង​នឹង​ឯង​ដែរ តែ​អញ​បាន​ប្រគល់​គេ​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ

12 អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ

13 អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។