8 រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង
9 គ្រានោះបាឡាក ជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង
10 តែអញមិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះគាត់បែរជាឲ្យពរដល់ឯងរាល់គ្នាវិញ ហើយអញបានដោះឯងពីកណ្តាប់ដៃគេចេញ
11 រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូរ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូរក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ
12 អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ
13 អញបានឲ្យស្រុក១ដល់ឯងរាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃឯងរាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលឯងរាល់គ្នាមិនបានដាំផងដែរ។
14 ដូច្នេះ ឥឡូវនេះចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ ចូរលះចោលអស់ទាំងព្រះដែលពួកអយ្យកោឯង បានគោរពប្រតិបត្តិនៅខាងនាយទន្លេ ហើយនៅស្រុកអេស៊ីព្ទនោះចេញ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ