13 រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហឹបផងព្រះយេហូវ៉ា ដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។
14 ដូច្នេះ កាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញា ទៅខាងមុខផង
15 ហើយពួកសង្ឃ ដែលសែងហឹប បានមកដល់ទន្លេយ័រដាន់ ក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ដ្បិតទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ នៅពេញរដូវចំរូត)
16 នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ
17 ឯពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹង នៅដីស្ងួតនាបាតទន្លេយ័រដាន់ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់បានឆ្លងផុតពីទន្លេទៅ។