3 កាលណាឯងរាល់គ្នាឃើញហឹប នៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯង ដើរទៅតាម
4 តែត្រូវដើរឃ្លាតពីហឹបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវ ដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ
5 យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង
6 រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្ដីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃសេចក្ដីសញ្ញាសែងនាំមុខបណ្តាជនទៅ។
7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ
8 ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។
9 យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង